Sunday, September 29, 2013

ប្រភេទនៃការដេក

ការដេកចែកចេញទៅតាមប្រភេទនៃមនុស្សដែលចូលចិត្តដេកតាមអធ្យាស្រ័យរបស់ខ្លួន។ ការដេកចែកចេញជា ៤ ប្រភេទ៖

ក. ដំណេកប្រេត បានដល់ការដេកផ្ងារ ដែជើងច្រងេងច្រងាងគ្មានសណ្តាប់ធ្នាប់ គ្មាន​ស្មារតី ដេកលក់ទាំងរវើរវាយ។

ខ. ដំណេកអ្នកបរិភោគកាម ដេកផ្អៀងទៅខាងឆ្វេង។

គ. ដំណេកសត្វសីហ បានដល់ដំណេកផ្អៀងទៅខាងស្តាំ។ ជាធម្មតាសត្វសីហជាសត្វមាន​ឋានៈខ្ពង់ខ្ពស់ ពេលវាដេក វារៀបចំក្បាល កន្ទុយ ជើងរបស់វាស្រួលបួលបំផុត រួចទើបដេក ប្រសិនបើពេលវាក្រោកឡើង វាឃើញក្បាល ជើង កន្ទុយរបស់វាខុសពីពេលវាដេក វាអាក់​អន់ចិត្តណាស់ វាមិនទៅរកចំណីស៊ីឡើយក្នុងថ្ងៃនោះ។

ឃ. ដំណេកព្រះពុទ្ឋ គឺដំណេកដែលមានសតិស្មារតី កំណត់ពេលដែលខ្លួនត្រួវក្រោកឡើង យ៉ាងទៀងទាត់ ហើយមានពេលវេលា សម្រាកយ៉ាងត្រឹមត្រូវ និងមានស្មារតីពេញ​បរិបូរណ៍។

អ្នកគួររៀនដេកអោយមានរបៀប និងមានសតិស្មារតីដើម្បីក្រោកឡើងទាន់ពេលវេលា និងអាចបំពេញការងារបានយ៉ាងល្អ។
...........................................................................................................................................................................................
ប្រភពអត្ថបទៈ មាគ៌ាជីវិត
អ្នកនិពន្ឋៈ ភិក្ខុ គូ សុភាព
វត្តនិគ្រោធវ័ន (គល់ទទឹង)
ព.ស. ២៥៥០

ដេកច្រើន

ការសម្រាកកាយ គឺកិច្ចចាំបាច់សម្រាប់មនុស្សម្នាក់ៗ តែការសម្រាកនោះមិនត្រូវធ្វើអោយ​ហួសហេតុពេកទេ ព្រោះវាអាចនាំអោយបាត់បង់ពេលវេលានិងឱកាសនៃការងារដែលត្រូវ
ធ្វើ។​ ដូច្នេះបានជាព្រះពុទ្ឋ ត្រាស់ (ការដេកច្រើននាំឲ្យវិនាស)។ ការត្រេកអរក្នុងការដេក​ព្រះពុទ្ឋត្រាស់ហៅថា និន្ទារាមតា
...........................................................................................................................................................................................
ប្រភពអត្ថបទៈ មាគ៌ាជីវិត
អ្នកនិពន្ឋៈ ភិក្ខុ គូ សុភាព
វត្តនិគ្រោធវ័ន (គល់ទទឹង)
ព.ស. ២៥៥០

ការយល់ត្រូវ

ការយល់ត្រឹមត្រូវគឺចំនុចផ្តើមដំបូងនាំឲ្យមនុស្សធ្វើត្រូវ និយាយត្រូវ។ ការយល់ត្រូវកើតឡើង អាស្រ័យហេតុពីរយ៉ាង៖
 
ក. ស្តាប់អ្នកដទៃៈ គឺស្តាប់ឳពុកម្តាយ លោកគ្រូអ្នកគ្រូ ចាស់ព្រឹទ្ឋាចារ្យ ព្រះសង្ឃ។
ខ. ការពិចារណាៈ ការស្តាប់តែម្យ៉ាង នៅមិនទាន់គ្រប់គ្រាន់ទេ ត្រូវអាស្រ័យការពិចារណាបន្ថែម​ទៀត តើគេនិយាយនោះត្រឹមត្រូវឬទេ សមហេតុផលឬទេ មិនត្រូវជឿទាំងអស់ទេ។

កាលបើមនុស្សយល់ត្រូវ សកម្មភាពដែលសម្តែងចេញមកក៏ល្អ កាលបើមនុស្សធ្វើល្អ សេចក្តីសុខ​សន្តិភាពរមែងកើតឡើង។ 
...........................................................................................................................................................................................
ប្រភពអត្ថបទៈ មាគ៌ាជីវិត
អ្នកនិពន្ឋៈ ភិក្ខុ គូ សុភាព
វត្តនិគ្រោធវ័ន (គល់ទទឹង)
ព.ស. ២៥៥០

មូលហេតុធ្វើអោយស្អប់មនុស្សល្អ

១. មិច្ឆាទិដ្ឋិៈ យល់ខុស មិនជឿថា មានបាប មានបុណ្យ មិនជឿថាធ្វើបាបបានផលជាទុក្ខ ធ្វើបុណ្យ បានផលជាសុខទេ។
២. មិច្ឆាសង្កប្បៈ ត្រិះរិះខុស គឺគិតរកការសប្បាយតាមផ្លូវអបាយមុខ ឬតាមការជិះជាន់ កេងប្រវ័ញ្ច ធ្វើបាបអ្នកដទៃ។
៣. មិច្ឆាវាចាៈ និយាយពាក្យខុស គឺនិយាយពាក្យភូតកុហក ញុះញង់ស៊កសៀត បំបែកបំបាក់ ជេរ ប្រទេចផ្តាសារអ្នកដទៃ។
៤. មិច្ឆាកម្មន្តៈ ធ្វើការងារខុស គឺធ្វើការងារដោយខ្វះសតិស្មារតីមិនដឹងថា ការងារណាគួរធ្វើ ការងារណាមិនគួរធ្វើ ការងារណាគួរធ្វើមុន ការងារណាគួរធ្វើក្រោយ។
៥. មិច្ឆាអាជីវៈ ចិញ្ចឹមជីវិតខុស គឺប្រកបមុខរបររកស៊ីខុសច្បាប់ ខុសសីលធម៌ ខុសប្រពៃណី។
៦. មិច្ឆាវាយាមៈ ព្យាយាមខុស គឺប្រឹងប្រែងព្យាយាមធ្វើកិច្ចការងារ ណាដែលមិនត្រឹមត្រូវ ខុសឆ្គាំ​ឆ្គង គ្មានសីលធម៌។
៧. មិច្ជាសតិៈ រលឹកខុស គឺនឹកតែរឿងបាប រឿងអកុសល រឿងខុស ហើយសប្បាយរីករាយក្នុងរឿង​ខុសនោះ។
៨. មិច្ឆាសមាធិៈ តម្កល់លើចិត្តខុស​ គឺមុះមុត ក្លាហានក្នុងរឿងខុសមិនត្រូវទំនង។

កាលបើអ្នកសន្សំគំនិតមិនល្អច្រើននៅក្នុងខ្លួន វាធ្វើឲ្យយើងមិនមានជំហរឹងមាំ មានគំនិតរវើរវាយ ធ្វើអ្វីៗមិនបានសម្រេចល្អឡើយ។

...........................................................................................................................................................................................
ប្រភពអត្ថបទៈ មាគ៌ាជីវិត
អ្នកនិពន្ឋៈ ភិក្ខុ គូ សុភាព
វត្តនិគ្រោធវ័ន (គល់ទទឹង)
ព.ស. ២៥៥០

អ្នកណាខ្លះជាមនុស្សល្អ?

អ្នកណាក៏ដោយអោយតែធ្លាប់ជួយយើង ដោយហោចទៅសូម្បីឲ្យទឹកទឹកមួយកែវឲ្យបាយមួយវែក
ក៏ចាត់ទុកថាជាមនុស្សល្អចំពោះយើងដែរ។ អ្នកមានបំណងល្អចំពោះយើងមានដូចខាងក្រោម៖
ក. មាតាបិតា
ខ. ចាស់ព្រឹទ្ឋាចារ្យ រៀមច្បងក្នុងគ្រួសារ
គ. គ្រូឧបជ្ឈាយាចារ្យ លោកគ្រូ អ្នកគ្រូ
ឃ. ព្រះសង្ឃដែលបានសង្រួមកាយវាចាល្អត្រឹមត្រូវ
ង. ព្រះពុទ្ឋ
មុគ្គលខាងលើនេះ សុទ្ឋតែមានបំណងចង់ឲ្យយើងបានសេចក្តីចម្រើនទោះបីពេលខ្លះគាត់ស្តី បន្ទោស ឬមានពាកហ្យសម្តីធ្ងន់ស្រាលលើយើងក៏ដោយក៏យើងមិនត្រូវខឹងស្អប់គាត់ឡើយ។

...........................................................................................................................................................................................
ប្រភពអត្ថបទៈ មាគ៌ាជីវិត
អ្នកនិពន្ឋៈ ភិក្ខុ គូ សុភាព
វត្តនិគ្រោធវ័ន (គល់ទទឹង)
ព.ស. ២៥៥០
 
មនុស្សល្អ

មនុស្សល្អ គឺបុគ្គលណាដែលប្រព្រឹត្តអំពើល្អដោយកាយ វាចា ចិត្ត មានសីលធម៌ មានគុណធម៌ខ្ពង់​​ខ្ពស់។ ឃ្មុំតែងហើរទៅក្រេបផ្កា ប្រៀបដូចជាអ្នកប្រាថ្នាចង់បានសេចក្តីចម្រើន តែងជួបប្រាស្រ័យ មនុស្សល្អ ដូច្នោះឯង។ 

...........................................................................................................................................................................................
ប្រភពអត្ថបទៈ មាគ៌ាជីវិត
អ្នកនិពន្ឋៈ ភិក្ខុ គូ សុភាព
វត្តនិគ្រោធវ័ន (គល់ទទឹង)
ព.ស. ២៥៥០
 
Thursday, September 26, 2013

សរសើរខុស

អ្នកខ្លះខ្វះការពិចារណាឃើញមនុស្សអាក្រក់ បែជាសរសើរ បញ្ជោរ លើកជើង បុគ្គល ប្រភេទនេះនឹងមានអន្តរាយ ធ្លាក់ទៅអបាយភូមិមិនខាន។ ការសរសើរខុសមានលក្ខ​ណៈ ៤ យ៉ាង៖

ក. សរសើរមនុស្សដែលមិនគួរសរសើរ ដូចជាសរសើរអ្នកដែលពូកែជេរ ពូកែវាយតប់ ពូកែលួចជាដើម។

ខ. និន្ទាមនុស្សដែលគួរសរសើរ ដូចជារិះគន់ ចំអែចំអន់ បន្ទុចបង្អាក់ អ្នកប្រព្រឹត្តល្អ សមរម្យ ចេះគោរពចាស់ទុំ។

គ. គោរពមនុស្សដែលមិនគួរគោរព ដូចជា គោរពបងធំដែលជាមនុស្សកាចសា​ហាវ ឃោឃៅ គ្មានមេត្តាជាដើម។

ឃ. មិនគោរពមនុស្សដែលគួរគោរព ដូចជាមិនគោរពចាស់ព្រឹទ្ឋាចារ្យគ្រួបង្រៀន មាតាបិតាជាដើម។​        
...........................................................................................................................................................................................
ប្រភពអត្ថបទៈ មាគ៌ាជីវិត
អ្នកនិពន្ឋៈ ភិក្ខុ គូ សុភាព
វត្តនិគ្រោធវ័ន (គល់ទទឹង)
ព.ស. ២៥៥០

លក្ខណៈរបស់សប្បុរស

បើនៅលើផែនដីនេះ មានមនុស្សតែពីរនាក់គត់ក្រៅពីយើង ម្នាក់ជាមនុស្សអាក្រក់រស់នៅក្បែរ ម្នាក់ ទៀតជាមនុស្សល្អ តែនៅឆ្ងាយសែនឆ្ងាយអ្នកគួរស្វែងរកសប្បុរសនោះមកធ្វើជាមិត្ត ត្រូវលះបង់​មនុស្សអាក្រក់នោះចោលតែអ្នកមិនត្រូវធ្វើជាសត្រូវជាមួយអ្នកនោះទេ។ សប្បុរសមានលក្ខណៈ ៧ យ៉ាង៖

ក. ពហុស្សតៈ ជាអ្នកចេះដឹង មានចំណេះវិជ្ចាខ្ពង់ខ្ពស់ដែលយើងអាចសាកសួរក្រេបជញ្ជក់​យកចំណេះដឹងនិង​បទពិសោធន៍​បាន។

ខ. ធម្មធរៈ ជាអ្នកមានសីលធម៌ មានអត្តចរិក ចរិយាមារយាទល្អ ជាអ្នកដឹងគុណ មិនមានទិដ្ឋិមានះ មិនប្រកាន់ខ្លួន។

គ. ឧឡារៈ ជាអ្នកមានសេចក្តីព្យាយាម សិក្សារៀនសូត្រ ខន្តី អត់ទ្រាំ មានគុណធម៌​ខ្ពង់ខ្ពស់។

ឃ. បដិភាណវន្តំៈ  ឆ្លាតឈ្លៀស វាងវៃ មានប្រាជ្ងាច្រើន អាចដោះស្រាយបញ្ហាដោយសន្តិ វិធី។

ង. អញ្ញាអត្ថានិៈ ជាអ្នកស្គាល់នូវអំពើណាជាប្រយោជន៍ អំពើណាមិនជាប្រយោជន៍ ជាអ្នកស្គាល់រាក់ជ្រៅ ទាបខ្ពស់។

ច. វិនេយ្យ កង្ខំៈ អាចបំបាត់សេចក្តីងឿងឆ្ងល់សង្ស័យរបស់យើងបាន។

បុគ្គលដែលមានលក្ខណៈខាងលើនេះ ហៅថា សប្បុរស ដែលអាចណែនាំយើងឲ្យដល់នូវ
សេចក្តីចម្រើនរុងរឿងក្នុងថ្ងៃអនាគត។
           
...........................................................................................................................................................................................
ប្រភពអត្ថបទៈ មាគ៌ាជីវិត
អ្នកនិពន្ឋៈ ភិក្ខុ គូ សុភាព
វត្តនិគ្រោធវ័ន (គល់ទទឹង)
ព.ស. ២៥៥០

លក្ខណៈអសប្បរស ៦​ យ៉ាង

មនុស្សអាក្រក់ចេះស្លៀកពាក់ ចេះនិយាយស្តី ចេះធ្វើអ្វីៗប្រហាក់ប្រហែលនឹងយើងដែរ តែក្នុងចិត្ត ពោរពេញទៅដោយអំពើអាក្រក់ អំពើបាបអកុសល។​ អសប្បុរសចូលចិត្តប្រព្រឹត្តអំពើដូចខាង ក្រោម៖

ក. ផឹកសុរា សេពគ្រឿងញៀនរឿយៗ។
            ខ. ដើរលេងយប់អាធ្រាត្រហួសកាលវេលាជានិច្ច។
            គ. មើលមហោស្រព ល្បែងរបាំច្រើនហួសហេតុ។
            ឃ. លេងល្បែងស៊ីសង ល្បែងភ្នាល់។
            ង. មានមិត្តភ័ក្កិអាក្រក់ច្រើនដើរជាមួយ។
            ច. ជាអ្នកខ្ជិលច្រអូស មិនប្រឹងប្រែងសិក្សារៀនសូត្រឬរកស៊ីជាដើម។

បើអ្នកណាចូលចិត្តសេពគប់ដើរជាមួយអសប្បរសតាមលក្ខណៈខាងលើ បង្ហាញឲ្យឃើញថា បុគ្គល នោះកំពុងឈានជើងដើរក្នុងផ្លូវខុស ផ្លូវមារ ផ្លូវបិសាចដែលនាំឲ្យបាត់បង់អនាគត។
...........................................................................................................................................................................................
ប្រភពអត្ថបទៈ មាគ៌ាជីវិត
អ្នកនិពន្ឋៈ ភិក្ខុ គូ សុភាព
វត្តនិគ្រោធវ័ន (គល់ទទឹង)
ព.ស. ២៥៥០

ផលវិបាកនៃការស្អប់ធម៌

១. អាប់បញ្ញា
២. គ្មានកល្យាណមិត្ត
៣. បានជាមនុស្សឆ្កួតលីលា
៤. កើតក្នុងពពួកមនុស្សមិច្ឆាទិដ្ឋិ
៥. មានសត្រូវច្រើន
...........................................................................................................................................................................................
ប្រភពអត្ថបទៈ មាគ៌ាជីវិត
អ្នកនិពន្ឋៈ ភិក្ខុ គូ សុភាព
វត្តនិគ្រោធវ័ន (គល់ទទឹង)
ព.ស. ២៥៥០

លក្ខណៈរបស់អ្នកស្អប់ធម៌

មនុស្សប្រទុស្តធម៌មានលក្ខណៈ ៧ យ៉ាងដូចខាងក្រោម៖

ក. អសទ្ឋា មិនជឿថា​ ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ មិនជឿថា ឪពុកម្តាយមានគុណ។

ខ. អហិរិក មិនខ្មាសអៀន គឺប្រព្រឹត្តងំពើអាក្រក់ ពាលលាអាវាសែ យ៉ាងសប្បាយរីករាយដោយគ្មានអៀនខ្មាស មិន​ខ្លាចគេតិះដៀលនិន្ទាអ្វីឡើយ។

គ. អនោត្តប្ប មិនខ្លាចបាបគឺអាងអំណាចរបស់ខ្លួនធ្វើអ្វីក៏បាន គ្មានរអែង ឬមិនខ្លាចដល់អំពើអាក្រក់ឲ្យផលវិញឡើយ។

ឃ. អប្បសុត្ត ចេះដឹងតិច បានរៀនតិចតួច ធ្វើអ្វីៗតាមកំហឹងមិនបានពិចារណា។

ង. កុសីត ខ្ជិលច្រអូស មិនប្រឹងប្រែងរៀនសូត្រ ធ្វើការរកស៊ីប្រព្រឹត្តតែអបាយមុខពាលា ដែលជាផ្លូវនាំទៅរិកសេចក្តីវិនាស។

ច. មុដ្ឋស្សតិ គ្មានសតិស្មារតីរលឹកដឹងកិច្ចការណាត្រូវធ្វើ កិច្ចាការណាមិនត្រូវធ្វើជាដើម។

ឆ. ទុប្បញ្ញា អាប់បញ្ញា គិតមិនជ្រៅ ទៅមិនដល់ យល់មិន ប្រាកដ ឃើញគេមាន ក៏ចង់ហ៊ឺហាតាមគេ ដូចពាក្យខ្មែរ ពោលថា (ឃើញដំរីជុះ ជុះតាមដំរី)។

មនុស្សយើងគ្រប់គ្នា សុទ្ឋតែចង់បានសេចក្តីសុខ សេចក្តីស្រលាញ់ការរាប់អានរវាងគ្នាទៅវិញទៅមក ដូច្នេះយើងគួរ ស្រលាញ់រាប់អានជួយយកអាសាគ្នាដូចបងប្អូន ទើបសង្គមសន្តិភាព។
...........................................................................................................................................................................................
ប្រភពអត្ថបទៈ មាគ៌ាជីវិត
អ្នកនិពន្ឋៈ ភិក្ខុ គូ សុភាព
វត្តនិគ្រោធវ័ន (គល់ទទឹង)
ព.ស. ២៥៥០

ការស្អប់ធម៌

ធម៌មិនមែនជាកម្មសិទ្ឋរបស់ព្រះពុទ្ឋដាច់មុខទេ ធម៌គ្រប់គ្រងមនុស្សគ្រប់រូបលើផែនដីនេះ ។ តែធម៌ក្នុងទីនេះ សំដៅយកអំពើល្អ ដែលជាសភាវៈធ្វើឲ្យពិភពលោករីកចម្រើន។ ការស្អប់ធម៌បែងចែកជាបីប្រភេទ៖

ក. មិនចូលចិត្តធ្វើល្អ  ធ្វើតែអំពើពាលាអាវាសែ បៀតបៀនកាប់សម្លាប់ ច្រណែននិន្ទា ឈ្នានីសអ្នកដទៃ ដោយសប្បាយរីករាយគ្មានគិតពីបាបបុណ្យគុណទោសអ្វីឡើយ គឺធ្វើយ៉ាងណា ឲ្យតែខ្លួនបានសប្បាយ អ្នកណាកើតទុក្ខ
ប៉ុនណា ក៏មិនខ្វល់ដែរ។​ ជនប្រភេទនេះភាគច្រើនជាមនុស្សបច្ចុប្បន្ននិយម មិនគិតគូពីអនាគតឡើយ។
               
ខ. រិះគន់អ្នកធ្វើល្អ  គឺមិនធ្វើល្អខ្លួនឯងហើយ ថែមទាំងត្មិះតិះដៀលអ្នកធ្វើល្អថា (អីក៏គួរសមម្លេះ អីក៏ត្រឹមត្រូវម្លេះ ឬថាខំធ្វើបុណ្យទៅ! បន្តិចទៀតបានបុណ្យមកស៊ីហើយ) ជាដើម។

គ. រិះគន់អ្នករៀនធម៌ គឺដោយសារខ្លួនឯង ជាមនុស្សកំណាញ់ ច្រណែន ឈ្នានីស មិនស្គាល់អ្វីល្អ អ្វីអាក្រក់ ក៏រិះគន់អ្នករៀន ធម៌ថា ជាមនុស្សខ្ជិល ចង់រកតែរួចខ្លួនជាដើម ។ល។ ឬមិនចូលចិត្តអ្នករៀនសូត្រចេះដឹង មានចំណេះវិជ្ជាឡើយ បើមានកូន ស្រីមិនហ៊ានឲ្យរៀនធម៌ទេ ខ្លាចអភ័ព្វព្រោះនៅក្មេង។             
...........................................................................................................................................................................................
ប្រភពអត្ថបទៈ មាគ៌ាជីវិត
អ្នកនិពន្ឋៈ ភិក្ខុ គូ សុភាព
វត្តនិគ្រោធវ័ន (គល់ទទឹង)
ព.ស. ២៥៥០

សុទ្ឋាវាស ៥

សុត្ឋាវាស គឺលំនៅរបស់អ្នកបរិសុទ្ឋ ជាទីកំនើតរបស់ព្រះអាណាគាមីនៅក្នុងព្រហ្មលោក រាប់ពីទាបទៅខ្ពស់។
១. អវិហា
២. អតប្បា
៣. សុទស្សា
៤. សុទស្សី
៥. អកនិដ្ឋា
...........................................................................................................................................................................................
ប្រភពអត្ថបទៈ ប្រជុំវប្បធម៌
អ្នកនិពន្ឋៈ ឡុច ផ្លែង
បោះពុម្ពដោយៈ វិទ្យាស្ថានជាតិខេមរយានកម្ម
ភ្នំពេញៈ ១៩៧៣

ពិធីបុណ្យខ្មែរ

កថិនទាន                 =              ថ្ងៃ១រោចអស្សុជ - ១៥​ កើតកត្តិក
កាន់បិណ្ឌ                 =              ថ្ងៃ១ - ១៤ រោចភទ្របទ
កោរជុក                    =              ថ្ងៃនិយមតាមក្បួនហោរ
ខួបកំណើត              =              ថ្ងៃ តាមថ្ងៃកំណើត
ខ្វាន់នាគ                   =              ថ្ងៃ១៤កើតអាសាឍ
ចូលឆ្នាំ                     =              ថ្ងៃ ១៣ ឬ ១៤មេសា
ចូលវស្សា                 =              ថ្ងៃ ១រោចអាសាឍ - ១៥កើតអស្សុជ
ចេញវស្សា                =              ថ្ងៃ ១៥ កើតអស្សុជ
ឆាន់                         =              ថ្ងៃតាមនិយម
ឆាន់ឆ្លង                    =              ថ្ងៃបង្ហើយបុណ្យ
គ្រស្តិសង្ក្រាន្ត            =              ថ្ងៃ១២ - ១៥​រោចផល្គុន
ទទួលទេវតាថ្មី           =              ថ្ងៃទី១ នៃបុណ្យចូលឆ្មាំ
ទេសន៍                     =              ថ្ងៃតាមនិយម
បញ្ចុះសព                 =              ថ្ងៃនិយមតាមក្បួនហោរ
បញ្ចុះសីមា               =              ថ្ងៃនិយមតាមវិន័យបញ្ញត្តិ
បណ្តែតប្រទីប          =              ថ្ងៃ១៥កើត -​ ១រោចកត្តិក
បន្លុង                        =              ថ្ងៃជិតស្លាប់ ឬថ្ងៃមុនបូជា
បូជាសព                   =              ថ្ងៃនិយមតាមក្បួនហោរ
បួងសួង                    =              ថ្ងៃនិយមតាមក្បួនហោរ
ផ្កាប្រាក់                    =              ថ្ងៃនិយមតាមក្បួនហោរ
ពូនភ្នុំខ្សាច់                =              ថ្ងៃទី១ នៃបុណ្យចូលឆ្នាំ
ពូនផ្នំស្រូវ                 =              ថ្ងៃចុងរដូវចំរូត
ភ្ជុំបិណ្ឌ                     =              ថ្ងៃ ១៥រោច ភទ្របទ
មាឃបូជា                 =              ថ្ងៃ ១៥កើតមាឃ
រាប់បាត្រ                   =              ថ្ងៃតាមនិយម
រៀបការ                    =              ថ្ងៃនិយមតាមក្បួនហោរ
រំដោះគ្រោះ               =              ថ្ងៃនិយមតាមក្បួនហោរ
លាបំណន់               =              ថ្ងៃតាមសន្យា
លៀងអារក្ស             =              ថ្ងៃនិយមតាមក្បួនអារក្ស
វិសាខបូជា                =              ថ្ងៃ១៥កើតពិសាខ
សង្ឍទាន                 =              ថ្ងៃតាមនិយម
សលាកភត្ត              =              ថ្ងៃ ១៥កើតពីសាខ
សូត្រមន្ត                   =              ថ្ងៃនិយមតាមក្បួនហារ
សុំទឹកភ្លឿង               =              ថ្ងៃនិយមតាមក្បួនហោរ
សំពះព្រះខែ             =              ថ្ងៃ ១៥កើតកក្តិក
ស្ងោយតំរាំ                =              ថ្ងៃ ១៥កើតចេត្រ
ហៅព្រលឹង              =              ថ្ងៃ តាមនិយម
ឡើងផ្ទះ                   =              ថ្ងៃនិយមតាមក្បួនហោរ
ឡើងអ្នកតា               =              ថ្ងៃមួយក្នុងខែចេត្រ ឬ ពិសាខ
អកអំបុក                   =              ថ្ងៃ១៥កើតកត្កិក
អុំទូក                        =              ថ្ងៃ១៥កើត - ១រោចកត្តិក